សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យដាក់វិធានការម៉ឺងម៉ាត់បំផុត លើក្មេងទំនើងដែលបង្ករបួសស្នាម ដល់សមត្ថកិច្ចពេលចុះប្រតិបត្តិការ 

admin By admin April 26, 2026

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យដាក់វិធានការម៉ឺងម៉ាត់បំផុត លើក្មេងទំនើងដែលបង្ករបួសស្នាម ដល់សមត្ថកិច្ចពេលចុះប្រតិបត្តិការ ដោយគ្មានការយោគយល់នោះឡើយ។

ការបញ្ជាបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះក្មេងទំនើង ដែលតដៃជាមួយសមត្ថកិច្ច ធ្វើឲ្យសមត្ថកិច្ចមានរបួសស្នាម ត្រូវដាក់ឲ្យតឹងមែនទែន ព្រោះបងប្អូនចុះអនុវត្ដការងារ មិនត្រូវសមត្ថកិច្ចខ្លាចក្មេងទំនើងទេ ត្រូវក្មេងទំនើងគ្រាន់តែឃើញអាវសមត្ថកិច្ច គឺត្រូវខ្លាច និងគោរព»

បន្ថែមពីនោះទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា មន្រ្ដីអនុវត្ដច្បាប់ ត្រូវមានច្បាប់ការពារ ហើយមានសិទ្ធិអំណាចក្នុងការអនុវត្ដ ដើម្បីឲ្យអ្នកល្មើសច្បាប់ខ្លាច ហើយអ្នកល្មើសច្បាប់តដៃ ធ្វើឲ្យសមត្ថកិច្ចមានរបួសស្នាម ត្រូវដាក់វិធានការឲ្យតឹងជាទីបំផុត ដោយគ្មានការយោគយល់នោះឡើយ។

សូមរំលឹកថា អធិការរងស្រុកស្ទឹងត្រង់ម្នាក់ បានរងរបួសធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម ដោយសារតែក្មេងទំនើង ចាក់ដោយដែកឆាបចំផ្ទៃមុខពីរកន្លែង ពេលចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នា នៅកម្មវិធីប្រដាល់គុនខ្មែរ នៅក្នុងមូលដ្ឋាន នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

នាយនគរបាលដែលរងរបួស ពេលបំពេញប្រតិបត្តិការនេះ ឈ្មោះ ម៉ាប់ សុផាត មានឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ទោ ជាអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត (មានឈាមកកក្នុងខួរក្បាល) សន្លប់មិនទាន់ដឹងខ្លួននៅឡើយ និងកំពុងបន្តបញ្ចូនទៅព្យាបាលប្រទេសវៀតណាម៕

Leave a Reply

Your email address will not be published. Required fields are marked *